មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ចុល្លសករាជ១៣៧៤ មហាសករាជ១៩៣៤ ពុទ្ធសករាជ២៥៥៦ គ្រិស្តសករាជ២០១២។ ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៥៥ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំរោង ចត្វាស័ក តទៅចូលពុទ្ធសករាជ២៥៥៦។ នឹងគណនាឆ្នាំ រោង ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃសុក្រ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០១២ វេលាម៉ោង១៩ និង១១នាទីល្ងាច។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវ គោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម គង់នៅធាតុម្មហារាជិកាទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ដោយសៀត ផ្កាចង្កុលណី អភរណទ្រង់ពាក់ កែវបុស្សរាគ័ម ភក្សាហារទ្រង់សោយ ចេកណាំវ៉ា-ចេកទឹក ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណ្យ ទ្រង់ផ្ទំបើកព្រះនេត្រលើខ្នង មហិង្សា (សត្វក្របី) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោ ឧសភរាជ ទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វទាំងឡាយតាំងពីឆ្នាំថ្មី ចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។
នៅថ្ងៃ សុក្រ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស២០១២ វេលាម៉ោង១៩ និង ១១នាទីល្ងាច ជាថ្ងៃចូលឆ្នាំ រោង ចត្វាស័ក។
ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១២ ជាវារៈវ័នបត។
ថ្ងៃអាទិត្យ ៩រោច ខែចែត្រត្រូវនឹងថ្ងៃទី ១៥មេសា គ.ស២០១២ នៅវេលាម៉ោង ២៣ និង ៤៣ នាទី ៤៨វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត បីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោងចត្វាស័ក ចុល្លសករាជ ១៣៧៤ មហាសករាជ ១៩៣៤ និងពុទ្ធសករាជ២៥៥៦ បរិបូរណ៍តទៅ។
ក្នុងឱកាសសង្រ្កាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការគ្រឿងសក្ការ បូជាអុចប្រទីបជាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ ជាចិត្តអប្រិយ៍ជាប់ដោយគំនុំគុំគួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួល ទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ធូប៥) លាច៥ ផ្កា៥ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ាជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររក ចេកណាំវ៉ា និងចេកទឹក ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹង ទីរឫកលុះចប់ពិធីទទួលទេវតា។
No comments:
Post a Comment