ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


នា​សម័យ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ចែត្រ ក៏​ប៉ុន្តែ​កាល​ពី​សម័យ​ដើម ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ពីរ​លើក។
១៦-មេសា-២០១០: ពិធី​ស្រង់​ព្រះ​នៅ​វត្ត​មុនី​សុវណ្ណ ហៅ ចំពុះ​ក្អែក ក្នុង​ឃុំ​ព្រែក​ថ្មី ស្រុក​កៀន​ស្វាយ ខែត្រ​កណ្ដាល (RFA/Om Oddom)
១៦-មេសា-២០១០: ពិធី ស្រង់ ព្រះ នៅ វត្ត មុនី សុវណ្ណ ហៅ ចំពុះ ក្អែក ក្នុង ឃុំ ព្រែក ថ្មី ស្រុក កៀន ស្វាយ ខែត្រ កណ្ដាល (RFA/Om Oddom)

ការ​ចូល​ឆ្នាំ​លើក​ទី​១ គឺ​គិត​តាម​ដំណើរ​ព្រះចន្ទ និង​ការ​ផ្លាស់​ឈ្មោះ​សត្វ​ប្រចាំ​ឆ្នាំ។ ចូល​លើក​ទី​ពីរ គិត​តាម​ដំណើរ​ព្រះអាទិត្យ ដូច្នេះ​ហើយ​បាន​ជា​ការ​ចូល​ឆ្នាំ​លើក​ដំបូង​ត្រូវ​នឹង​ក្នុង​ថ្ងៃ​ទី​មួយ​ នៃ​ខែ​ចេត្រ ឯ​ចូល​ឆ្នាំ​លើក​ទី​ពីរ​វិញ​នោះ មិន​សូវ​ទៀង​ទាត់​ទេ ជួន​កាល​ត្រូវ​ថ្ងៃ​ទី​១៣ ជួនកាល​ត្រូវ​ថ្ងៃ​ទី​១៤ ខែ​មេសា ក៏​ប៉ុន្តែ​ជា​ទូទៅ ច្រើន​តែ​ត្រូវ​ទៅ​លើ​ថ្ងៃ​ទី​១៣ ជា​រឿយៗ​ជាង។
សព្វ​ថ្ងៃ​នេះ ប្រជាជន​ខ្មែរ​និយម​យក​វេលា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​ឱឡាឬក តែ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ជា​លើក​ទី​ពីរ​នេះ​ទេ គឺ​នៅ​ថ្ងៃ​ទី​១៣ ឬ ១៤ ខែ​មេសា ជា​រៀង​រាល់​ឆ្នាំ ហើយ​បុណ្យ​នេះ គេ​ធ្វើ​ឡើង​ចំនួន​បី ឬ​បួន​ថ្ងៃ តាម​ការ​កំណត់​របស់​ក្រុម​​ស្រាវ​ជ្រាវ វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី ទំនៀមទំលាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា។
មាន​ប្រទេស ៦​ទៀត នៅ​ទ្វីប​អាស៊ី​នេះ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ស្រប​ពេល​​ជាមួយ​ខ្មែរ​ដែរ គឺ​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​ភូមា សិរីលង្កា ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន។ ក៏​ប៉ុន្តែ​ការ​ចុះ​មក​ដល់​នៃ​ទេវតា​ឆ្នាំ​ថ្មី នៃ​ប្រទេស​ទាំង​នោះ មាន​ការ​ខុសៗ​គ្នា​ទៅ​តាម​ទំលាប់​ជំនឿ និង​ប្រពៃណី​នៃ​ប្រទេស​ទាំង​នោះ។
ចំពោះ​ប្រជាជាតិ​ខ្មែរ​វិញ បុព្វហេតុ​ដែល​នាំ​ធ្វើ​អោយ​គេ​បញ្ចប់​ឆ្នាំ​ចាស់ ហើយ​ចូល​ឆ្នាំ​ថ្មី​នេះ លោក អ៊ឹម បុរិន្ទ ដែល​ជា​នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរា​សាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា មាន​ប្រសាសន៍​ថា មាន​ដើម​កំណើត​ពី​រឿង​កបិល​មហាព្រហ្ម​ភ្នាល់គ្នា​ជាមួយ​នឹង​ធម្មបាល​កុមារ។
លោក អ៊ឹម បុរិន្ទ៖ «ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​គេ​តែង​តែ​យក​រឿង​ កបិល​មហាព្រហ្ម​មក​និទាន ហើយ​ទាក់ទង​នឹង​រឿង​ហ្នឹង អ៊ីចឹង​គេ​យក​ពិធី​ហ្នឹង​មក​ប្រារព្ធ ឬ​ក៏​ការ​និយាយ​ពោល​ទាក់ទង​ហ្នឹង ហើយ​ក៏​មាន​ការ​ដង្ហែរ​កបិល​មហាព្រហ្ម​ហ្នឹង​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ ហ្នឹង។ ពាក់ព័ន្ធ​នឹង​រឿង​ចូល​ឆ្នាំ​ហ្នឹង ទាក់ទង​សំខាន់​លើ​រឿង​កបិល​មហា​ព្រហ្ម និង​ធម្មបាល​កុមារ​ហ្នឹង​ដែរ»
រឿង​នោះ​មាន​ដើម​សេចក្ដី​ជាអាទិ៍​ថា កបិល​​មហា​​ព្រហ្ម​បាន​ចោទ​ប្រស្នា​បី​ខ​ដល់​​ធម្មបាល​កុមារ​ជា​កូន​សេដ្ឋី ដែល​បាន​រៀន​ចប់​នូវ​ត្រៃវេទ និង​ចេះ​ស្តាប់​ភាសា​សត្វ​បក្សា​បក្សី​ផង​ទាំងពួង ហើយ​បាន​សន្យា​ថា បើ​ធម្មបាល​កុមារ​ដោះ​ស្រាយ​មិន​រួច​ទេ នឹង​កាត់​ក្បាល​ធម្មបាល​កុមារ។ ផ្ទុយ​ទៅ​វិញ​បើ​ឆ្លើយ​ប្រស្នា​នោះ​រួច កបិល​មហាព្រហ្ម​នឹង​កាត់​ក្បាល​ខ្លួន​ឯង​វិញ។
ធម្ម​បាល​កុមារ​ទាល់​ប្រាជ្ញា គិត​រក​ចំលើយ​មិន​ឃើញ តែ​ទី​បំផុត​បាន ស្តាប់​ឮ​សត្វ​ឥន្ទ្រីយ៍​ញី​ឈ្មោល សន្ទនា​គ្នា​អំ​ពី​ប្រស្នា​នោះ ទើប​បានយល់។ ដល់ថ្ងៃកំណត់ ក៏​ឆ្លើយ​ប្រាប់​កបិល​មហា​ព្រហ្ម​ថា ខទីមួយ វេលាព្រឹក សិរី​សួស្តី​ស្ថិត​លើ​មុខ ទើប​មនុស្ស​ត្រូវ​យក​ទឹក​ទៅ​លុប​មុខ។ ខទីពីរ វេលា​ថ្ងៃ​ត្រង់ សិ​រី​សួស្តី​ស្ថិត​នៅ​លើ​ទ្រូង ទើបមនុស្សត្រូវយក ទឹកទៅលាងទ្រូង។ ខទីបី សិរីសួស្តីស្ថិតនៅជើង ទើប​មនុស្ស ​ត្រូវយក​ទឹក​ទៅ​លាង​ឯង។
ដោយ​គោរព​តាម​ពាក្យ​សន្យា កបិល​មហា​ព្រហ្ម​ក៏​កាត់​ក្បាល​ខ្លួន​ឯង បូជា​ធ្មមបាល​កុមារ ហើយ​​អោយ​ទេពធីតា​ដែល​ជា​​កូន​​ស្រី​ទាំង​ប្រាំពីរ​នាក់ យក​ពាន​មក​ទទួល​ក្បាល រួច​អោយ​កូន​ច្បង​ហែរ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​ចំនួន ៦០​នាទី ទើប​យក​ទៅ​ទុក​នៅ​ក្នុង​គុហា​កែវ​ធម្មមាលី​នា​ទី​ភ្នំ​កៃលាស។ រឿង​នោះ​បញ្ជាក់​ទៀត​ថា ព្រះសិរ​សារ​របស់​កបិល​មហាព្រហ្ម​មិន​អាច​បោះ​ចោល​លើ​ដី ក្នុង​ទឹក ឬ​លើ​អាកាស​បាន​ទេ។
តើ​មាន​ទស្សនៈ​អប់រំ​យ៉ាង​ណា​ខ្លះ​ចំពោះ​រឿង​ភ្នាល់​គ្នា​កាត់​ក្បាល​រវាង​កបិល​មហា​ព្រហ្ម និង​ធ្មមបាល​កុមារ​នេះ?
ប្រធាន​អង្គការ​ចតុ​ទិស​សង្ឃ និង​ជា​អ្នក​សិក្សា​ស្រាវ​​ជ្រាវ​ឯករាជ្យ​ផ្នែក​វប្បធម៌​ម្នាក់ គឺ​លោក សឹង្ហ គា បាន​អោយ​ដឹង​ថា ការ​ដែល​ចាស់​​ពី​បរមបុរាណ​និទាន​រឿង​កបិល​មហាព្រហ្ម​នេះ ដោយ​ចែង​ថា បើ​បោះ​ព្រះ​សិរ​សារ​កបិល​មហាព្រហ្ម​នេះ​ទៅ​លើ​ដី ក្នុង​ទឹក ឬ ​ក៏​​ទៅ​លើ​អាកាស​មិន​បាន​នោះ ក៏​ព្រោះ​តែ​លោក​ចង់​ប្រដូច​ព្រះសិរ​សារ​កបិល​មហាព្រហ្ម​ដែល​មាន​មុខ​បួន​ នោះ ថា​ជា​តំណាង​អោយ​គុណធម៌​ទាំង​បួន​ដែល​មនុស្ស​ត្រូវ​ប្រកាន់​ខ្ជាប់ មិន​អាច​​បោះ​ចោល​ទៅ​ទី​ណា​បាន​ទេ។
លោក សឹង្ហ គា៖ «បុព្វ​បុរស​ខ្មែរ​យើង​បាន​បង្កប់​នូវ​អត្ថន័យ ព្រះសិរ​សារ​មហា​ព្រហ្ម​ហ្នឹង គឺ​មាន​មុខ​បួន។ បួន​នោះ គឺ​មិន​មែន​មុខ​ដូច​មនុស្ស​យើង​ធម្មតា​ទេ គឺ​ព្រហ្មវិហារ​ធម៌​តែម្ដង គឺ​មាន​មេត្តា ករុណា មុតិតា ឧបេក្ខា គឺ​មាន​បួន​ហ្នឹង​ហើយ​ដែល​ជា​គ្រឿង​ទ្រទ្រង់​លោក។ បាទ! អ៊ីចឹង​លោក​ប្រដូច​ទៅ​ថា នែ! ព្រះសិរ​សារ​ហ្នឹង​ប្រសិន​បើ​បោះ​ទៅ​អាកាស នឹង​ឆេះ​ឋាន​ទេវតា បោះ​ទៅ​លើ​សមុទ្រ នឹង​រីង​ខះ​ទឹក​សមុទ្រ ហើយ​បោះ​មក​ផែន​ដី នឹង​ឆេះ​ភព​ផែនដី មិន​មែន​មាន​ន័យ​អ៊ីចឹង​ទេ បាន​ន័យ​ថា លោក​ចង់​ប្រដូច​ទៅ​នឹង​ផែន​ដី បើ​គ្មាន​ព្រហ្ម​វិហារធម៌​ ក៏​អាច​រលាយ​បាន។ លោក​យើង​រាល់​ថ្ងៃ​នេះ ប្រសិន​បើ​លោក​​គ្មាន​ព្រហ្មវិហារ​ធម៌ ប្រទេស​មហា​អំណាច​បើ​គ្មាន​ព្រហ្ម​វិហារ​ធម៌​ក្នុង​ខ្លួន​ទេ នឹង​កើត​សង្គ្រាម​រលាយ​ផែន​ដី​ហ្នឹង​បាន ហើយ​ឋាន​ទេវតា​ក៏​អ៊ីចឹង​ដែរ បើ​គ្មាន​ព្រហ្មវិហារ​ធម៌​ហ្នឹង​ក៏​នឹង​កើត​ចលាចល​ដូច​គ្នា។ សមុទ្រ​ក៏​ដោយ ឋាន​នាគ​អី​ក៏​អ៊ីចឹង​ដែរ បើ​គ្មាន​ព្រហ្មវិហារ​ធម៌​ក៏​មិន​អាច​គង់​នៅ​បាន​ដែរ»
រី​ឯ​ទេពធីតា​ទាំង​ប្រាំពីរ​ក៏​ផ្លាស់វេន​គ្នា​ហែ​ក្បាល​កបិល​មហាព្រហ្ម​ ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាល់ៗ​ឆ្នាំ​នោះ លោក សឹង្ហ គា បញ្ជាក់​ថា គឺ​តំណាង​អោយ​ថ្ងៃ​ទាំង​៧ ក្នុង​សប្ដាហ៍៖ «និយាយ​អំពី​បុត្រី​របស់​កបិល​ មហាព្រហ្ម​ទាំង ៧​នាក់​នោះ គឺ​លោក​ប្រដូច​ទៅ​នឹង​ថ្ងៃ​ទាំង​៧ គឺ​ក្នុង​មួយ​សប្ដាហ៍​មាន ៧​ថ្ងៃ​ហ្នឹង គឺ​មាន​ថ្ងៃ​អាទិត្យ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍។ លោក​ចង់​មាន​ន័យ​ថា ក្នុង ៧​ថ្ងៃ​នេះ​យើង​ត្រូវ​រក្សា​អោយ​បាន​នូវ​ព្រហ្ម​វិហារ​ធម៌។ បាទ! អ៊ីចឹង​មួយ​ឆ្នាំ​និង​មួយ​ថ្ងៃៗ ​គឺ​យើង​ត្រូវ​តែ​មាន​ព្រហ្ម​វិហារ​ធម៌​រក្សា​អោយ​បាន។ នេះ​ជា​អត្ថន័យ​នៃ​ប្រស្នា​រឿង​កបិល​មហាព្រហ្ម គឺ​លោក​ចង់​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​ត្រូវ​រក្សា​ព្រហ្មវិហារ​ធម៌​អោយ​បាន មួយ​អាទិត្យ​ត្រូវ​រក្សា​ព្រហ្មវិហារ​ធម៌​អោយ​បាន​រហូត​ដល់​មួយ​ឆ្នាំ។ គឺ​ពិធី​គម្រប់​ហែ​ប្រទក្សិណ​ចក្រវាល ៦០​នាទី​ហើយ ហើយ​បាន​យក​ព្រះសិរ​សារ​ទៅ​ឋាន​ត្រៃត្រិង្ស​វិញ។ បាទ! អា​ហ្នឹង​គឺ​អត្ថន័យ​អ៊ីចឹង»
តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​​ទំលាប់​​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា សំរាប់​ឆ្នាំ​ថ្មី ឆ្នាំ​រោង​នេះ សង្ក្រាន្ត​​ចូល​មក​ដល់​នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា គ.ស. ២០១២ វេលា​ម៉ោង ៧ និង ១១​នាទី​ល្ងាច។ ទេវតា​ឆ្នាំ​ថ្មី​នេះ​ទ្រង់​ព្រះនាម ព្រះនាង កមិរា ទេវី ជា​បុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម។ ទេវតា​ឆ្នាំ​ថ្មី​នេះ​សោយ​ចេក​ណាំវ៉ា ឬ​ចេក​ទឹក។
សូម​លោក​អ្នក​ស្ដាប់ ព្រម​ទាំង​ក្រុម​គ្រួសារ ទទួល​បាន​នូវ​ពរ​ជ័យ សិរី​សួស្ដី ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត​ជា​រៀង​ដរាប​តទៅ៕
source: camnews.org

No comments:

Post a Comment